នាមប័ណ្ណមានហត្ថលេខា Steve Jobs ដេញថ្លៃបានលុយជិត ២០ម៉ឺនដុល្លារ

នាមប័ណ្ណ Apple Computer ដ៏កម្រមួយដែលចុះហត្ថលេខាដោយលោក Steve Jobs បានលក់ដេញថ្លៃបានតម្លៃរហូតដល់ ១៨១ ១៨៣ដុល្លារ។ នេះបើតាមក្រុមហ៊ុនដេញថ្លៃ RR Auction។ នាមប័ណ្ណអាជីវកម្មនេះគឺផលិតនៅឆ្នាំ ១៩៨៣ ដែលវាមានប្រើឡូហ្គោ ៦ពណ៌ស៊េរីចាស់របស់ Apple និងមានសរសេរអំពីអាសយដ្ឋានពីមុនរបស់ក្រុមហ៊ុន ដែលស្ថិតនៅទីក្រុង Cupertino រដ្ឋ California។ លើនោះឃើញមានឈ្មោះរបស់លោក Steve Jobs ដែលមានតំណែងជាប្រធាននៃក្រុមប្រឹក្សាភិបាលរបស់ Apple។ លោក Steve Jobs បានលាចាកលោកនៅឆ្នាំ២០១១ ក្នុងវ័យ៥៦ឆ្នាំ។ ក្នុងជីវិតការងាររបស់លោក លោកកម្រចុះហត្ថលេខាលើអ្វីមួយណាស់ ហេតុនេះរបស់ដែលមានហត្ថលេខារបស់លោក តែងតែអាចដេញថ្លៃបានតម្លៃខ្ពស់។ ដូចជាកាលពីឆ្នាំមុន សែកដែលចុះហត្ថលេខាដោយលោក Steve Jobs អាចដេញថ្លៃបានតម្លៃជាង ១០ម៉ឺនដុល្លារ៕